ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម៖ មន្រ្តីជាប់កិច្ចសន្យា អាចទទួលបានលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួង ប្រសិនបើមានជំនាញច្បាស់លាស់ និងមានសមត្ថភាពលើការងារ

ដោយ៖ ភ័ណ្ឌ ប៉ាង

កំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ចាប់ពីត្រីមាសទីពីរទៅ ប្រសិនបើមន្រ្តីជាប់កិច្ចសន្យាណា ដែលមានសមត្ថភាពខ្លាំង រហ័សរហួន សកម្មក្នុងការបំពេញការងារ និងមានជំនាញច្បាស់លាស់លើមុខជំនាញណាមួយ ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំក្រសួង នឹងធ្វើការវាយតំលៃ ដើម្បីលើកទឹកចិត្តដល់មន្ត្រីនោះ ។

លោកស្រីប្រធានមន្ទីរ បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំដើម្បីពង្រឹងការងារមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ។

ស្របតាមការប្រកាសរបស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងតាមអនុសាសន៍ណែនាំរបស់ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រី សម ផល្លា បានជំរុញទៅដល់មន្រ្តីជាប់កិច្ចសន្យាដែលកំពុងបំរើការងារជូនមន្ទីរព័ត៌មានយូរឆ្នាំក្តី ទាំងអ្នកទើបចូលបំរើការងារក្តី សូមឲ្យពង្រឹងសមត្ថភាពខ្លួនឯង ខិតខំ ប្រឹងប្រែង សិក្សារៀនសូត្របច្ចេកទេសផ្សេងៗ ដើម្បីឲ្យខ្លួនឯងមានជំនាញមួយណាច្បាស់លាស់ ផ្តល់អត្ថប្រយោជន៍សម្រាប់អង្គភាព នោះថ្នាក់ដឹកនាំមន្ទីរនឹងពិចារណា ធ្វើការវាយតំលៃ ហើយសុំគោលការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួង ដើម្បីលើកទឹកចិត្តឲ្យសមនឹងតម្លៃការងាររបស់ខ្លួន ។

លោកស្រី សម ផល្លា បានបន្ថែមថា មន្រ្តីជាប់កិច្ចសន្យា ដែលមានសមត្ថភាព មានជំនាញខ្លាំង មានការទទួលស្គាល់ពីថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំខេត្ត និងក្រសួងព័ត៌មាន ពួកគាត់ ក៏អាចមានឱកាសដំឡើងតួនាទី ទៅតាមកម្រិតចំណេះដឹងរបស់ពួកគាត់ ដូចមន្ត្រីក្របខ័ណ្ឌផងដែរ ៕