អភិបាលខេត្ត​កំពង់ចាម​ស្វាគមន៍ អង្គការ Cambodia Vision ដែលមាន​បំណង​ចុះ​ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ជូន​ដល់​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា នៅ​រសៀល​ថ្ងៃ ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នេះ បានអនុញ្ញាត​ឱ្យ​ប្រតិភូ​របស់​អង្គការ Cambodia Vision ដឹកនាំ​ដោយ​លោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ មួយចំនួន​ទាក់ទង ការចុះពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ត្រចៀក​, ច្រមុះ​,​និង​បំពង់ក ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ដោយ​ឥតគិតថ្លៃ ។​

​សូមបញ្ជាក់ថា អង្គការ​Cambodia Vision គឺជា​អង្គការ​មិន​រក​កម្រៃ​តូច​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​បង្កើតឡើង​ដើម្បី​ផ្ដល់​ការព្យាបាល និង​បង្ការ​ភាព​ងងឹត និង​ស្ដារឡើងវិញ​នូវ​ការ​ស្ដាប់ និង​និយាយ នៅតាម​តំបន់​នៃ​ប្រទេស​កម្ពុជា ហើយ​អង្គការ​នេះ មាន​គម្រោង​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់ក ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម និង​ប្រជាពលរដ្ឋ​ជាប់​ព្រំប្រទល់​ខេត្តកំពង់ចាម ដោយ​ឥតគិតថ្លៃ នាពេល​ឆាប់ៗ​ខាងមុខ​។ ក្នុងជំនួប​ដ៏​ស្និត​ស្នាល ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​ខេត្ត បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​ថ្នាក់ដឹកនាំ​អង្គការ Cambodia Vision ដែលមាន​គោលបំណង​ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ចាម ដោយ​ឥតគិតថ្លៃ ដែល​ការពិនិត្យ និង​ព្យាបាល​ផ្ដោតទៅលើ​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ដែលជា​ជំងឺ​ពិបាក​ព្យាបាល និង​ត្រូវ​ការចំណាយ​ថវិកា​ច្រើន​ប្រសិនបើ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។​

ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា រដ្ឋបាលខេត្ត​កំពង់ចាម នឹងធ្វើ​ការសហការ​ឱ្យ​បានល្អ​ប្រសើ​ជាមួយ​អង្គការ Cambodia Vision ក្នុង​គោលបំណង​ជំរុញ​ឱ្យ បេសកកម្ម​ខាងលើ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់ ក្នុង​បុព្វហេតុ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​៕​