សប្បុរសជន​គ្រប់ទិសទី បាន​នាំ​អំណោយ​ជា​ថវិកា​ ​ផ្ដល់ជូន​សាខា ដើម្បី ទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌ នៅក្នុង​ខេត្តកំពង់ចាម ជា​បន្តបន្ទាប់​

អត្ថបទ៖ ចិន សារ៉ាត

​ដើម្បី រួមចំណែក​វិភាគទាន ទៅតាម​គោ​កល​ការណ៍​ស្ម័គ្រចិត្ត សម្រាប់​យកមក​ទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌ នៅក្នុង​ខេត្តកំពង់ចាម បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា សប្បុរសជន​គ្រប់​ទិស បាន​នាំ​អំណោយ​ជា​ថវិកា មក​ផ្ដល់ជូន​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែឧសភា ឆ្នាំ​២០២០ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក្នុងឱកាស ដឹកនាំ​កិច្ច​ជុំ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី ត្រួតពិនិត្យ​ការងារ​ទទួល​វិភាគទាន​ពី​សប្បុរសជន ជួយ​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្ដម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ក៏បាន​អញ្ជើញ​ទទួល​នូវ​ថវិកា​ពី​សប្បុរសជន ដែល​បាន​នាំ​ថវិកា នៅ​ស្នាក់ការ​សាខា ផងដែរ ។ ឯកឧត្ដម អ៊ុន ចាន់​ដា មានប្រសាសន៍ថា ក្នុងនាម​ឯកឧត្តម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និង​ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​សាខា ឯកឧត្តម បាន​ថ្លែងអំណរគុណ ទៅដល់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជា​ក្រុមការងារ​ចុះជួយ​ខេត្ត សមាជិក​ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និង​វិស័យ​ឯកជន ក្នុង​ខេត្ត​ទាំងអស់ ដែល​បាន​ចូលរួម​បរិច្ចាគ​វិភាគទាន​ជួយ​ទ្រទ្រង់​ដល់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។ ជាមួយ​នោះ ក៏បាន​អំពាវនាវ ដល់​សប្បុរស​ជនជាតិ និង​អន្តរជាតិ សូម​ចូលរួមចំណែក​ជា​ថវិកា និង​សម្ភារៈ បន្តទៅទៀត ដើម្បី ទ្រទ្រង់​ដល់​វិស័យ​មនុស្សធម៌ នៅក្នុង​ខេត្តកំពង់ចាម ។​

​សូម​រំលឹកថា ឆ្នាំនេះ ផ្អែក​តាម​ស្ថានភាព​ដែល​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូ​វីដ ១៩ កាកបាទក្រហមកម្ពុជា បាន​ណែនាំ​ដល់​សាខា​កាកបាទក្រហម​ទាំង ២៥​រាជធានី ខេត្ត ដែល​ត្រូវ​គៀងគរ​មូលនិធិ​ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​១៥៧ ទិវា​ពិភពលោក កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ២០២០ ក្រោម​ប្រធានបទ “​ខ្ញុំ​ស្រលាញ់​សន្តិភាព និង​កាកបាទក្រហមកម្ពុជា​” ជាពិសេស តប​តាម​អនុសាសន៍ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ពុំ​ចាំបាច់​រៀបចំ​អង្គពិធី​មេ​ទ្ទីង ឬ​ពិធី​ណាមួយ​ដែល​ប្រមូលផ្ដុំ​មនុស្ស​ឡើយ តែ​សុំ​ធ្វើ​សេចក្ដីអំពាវនាវ​ថ្នាក់​ខេត្ត ស្វែងរក​ការចូលរួម​គាំទ្រ និង​បរិច្ចាក​ដោយ​ស្ម័គ្រចិត្ត​ពី​សប្បុរសជន ។

យ៉ាងណា​ម៉ិ​ញ មកដល់ពេលនេះ សាខា​កាកបាទក្រហមកម្ពុជា ក៏​កំពុង​បាន​អនុវត្ត ទៅតាម​អនុសាសន៍​ខាងលើនេះ យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ផងដែរ ៕