អភិបាលខេត្ត​កំពង់ចាម ដឹកនាំ​មន្ត្រីរាជការ ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាង​ចូល ៧០​ព្រះវស្សា​

ចិន សារ៉ាត

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ មន្ត្រីរាជការ ក្នុង​ខេត្តកំពង់ចាម ប្រារព្ធ​ពិធី ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ៦៩ យាង​ចូល ៧០​ព្រះវស្សា ដែល​ពិធី​នោះ បាន​ប្រមូល​ផ្ដុំគ្នា នៅ​សាលសន្និសីទ​សាលាខេត្ត នា​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នេះ ។​

​ក្នុងឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត តំណាងឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ នៅ​ទូទាំង​ខេត្តកំពង់ចាម បាន​អាន​សារលិខិត ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហ មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់ ៦៩ យាង​ចូល ៧០​ព្រះវស្សា ដែល​ប្រព្រឹត្តទៅ នា​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ ។ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​សំដែង​នូវ​កតញ្ញូតាធម៌ ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​ទ្រង់​បាន​បំពេញ​ព្រះរាជកិច្ច​ប្រកបដោយ​ទសពិធរាជធម៌ និង​ជា​ព្រះរាជ​អគ្គ​មគ្គទេសក៍​ពេញ​ដោយ​ព្រះ​គតិបណ្ឌិត​ឈ្លាសវៃ ហើយ​ក្រោម​ព្រះរាជកិច្ច​ដ៏​ឧត្ដុ​ង​ឧត្ដម និង​ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ នៃ​ព្រះ​ករុណ​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​សក្ការៈ ដ៏​ខ្ពង់​ខ្ពស់បំផុត ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ភាព​រីកចំរើន​លើ​គ្រប់​វិស័យ កិត្យានុភាព​ជាតិ ក៏​ត្រូវបាន​លើកកម្ពស់ និង​ល្បីល្បាញ​លើ​សកលលោក ប្រជារាស្ត្រ​រស់នៅ ក្នុង​ជីវភាព​រីកចំរើន សម្បូរ​សប្បាយ​ឥតឈប់ឈរ ។

សា​លិខិត​បានបញ្ជាក់​ទៀតថា នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស ឧត្ដុ​ង​ឧត្ដម​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​សេ្វ​ត​ច្ឆ​ត្រ ព្រមទាំង ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិ​រិ​ណី​ទេវី សូមជួយ​ប្រោះព្រំ​ព្រះ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ ដល់​ប្រជារាស្ត្រ​ខ្មែរ​អស់កាល​ជានិច្ច​និរន្តរ៍​តរៀង​ទៅ ។​

គូសបញ្ជាក់​ផងដែរ​ថា នាឱកាស​ប្រារព្ធ​ពិធី​ចម្រើន​ព្រ​ជន្ម​នេះដែរ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ក្រោម​ឱវាទ ក៏បាន​និមន្ត​ព្រះសង្ឃ ចំនួន ០៩​អង្គ ដើម្បី ចំរើន​ព្រះ​បរិត្ត និង​សូត្រ​ជ័យ​ពុទ្ធ​មង្គល ថ្វាយ​ដល់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហ មុនី ផងដែរ ៕