រដ្ឋបាលខេត្ត​កំពង់ចាម ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ៦៩ យាង​ចូល ៧០ ព្រះវស្សា

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា និង ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នៅ​រសៀល​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២២ នេះ​បាន​ដឹកនាំ មន្ត្រីរាជការ ក្នុង​ខេត្តកំពង់ចាម​ប្រារព្ធ​ពិធី ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ៦៩ យាង​ចូល ៧០ ព្រះវស្សា ។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា តំណាងឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម បាន​អាន​សារលិខិត ក្រាបបង្គំ​ទូល​ថ្វាយព្រះពរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាឱកាស​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្មាយុ​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២​។​

​នាឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ឧត្ដុ​ង​ឧត្ដម​ថ្លៃថ្លា ទូលព្រះបង្គំ​យើងខ្ញុំ សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា​រក្សា​ព្រះមហា​សេ្វ​ត​ច្ឆ​ត្រ ព្រមទាំង​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម កិ​រិ​ណី​ទេវី សូមជួយ​ប្រោះព្រំ​ព្រះ​សព្ទសាធុការពរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​ថ្វាយ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត សូម​ព្រះអង្គ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ចាក​ផុតពី​ព្រះរោគា​ព្យាធិ​នានា ដើម្បី​គង់ប្រថាប់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ ដល់​ប្រជារាស្ត្រ​ខ្មែរ​អស់កាល​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​៕​