អភិបាលរង​ខេត្តកំពង់ចាម ស្នើ​ដល់​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ សហការគ្នា ចុះ​ប្រមូល​ទិន្នន័យ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដែលមាន និង​មិនទាន់មាន​បង្គន់​ប្រើប្រាស់ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី អនុវត្ត​ឲ្យ​សម្រេច​តាម​ផែនការ​កំណត់​របស់​រា​ជ​រដ្ឋាភិបាល​

​ឯកឧត្តម ហាន កុសល អភិបាលរង ខេត្តកំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ស្នើ​ដល់​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ សហការគ្នា ចុះ​ប្រមូល​ទិន្នន័យ​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដែលមាន និង​មិនទាន់មាន​បង្គន់​ប្រើប្រាស់ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី អនុវត្ត​ឲ្យ​សម្រេច​តាម​ផែនការ​កំណត់ របស់​រាជរដ្ឋាភិបាល នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទឹកស្អាត និង​បង្គន់​ប្រើប្រាស់ ១០០​ភាគរយ នៅត្រឹម​ឆ្នាំ​២០២៥ ។ ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ឯកឧត្ដម អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ ស្តីពី​ការចុះ​បណ្តុះបណ្តាល ស្រង់​ទិន្នន័យ​អនាម័យ និង​ទឹកស្អាត សម្រាប់​បំពេញ​ក្នុង​តារាង​ប្រព័ន្ធ MIS នៅក្នុង​ស្រុក​ព្រៃឈរ ដែល​រៀបចំ​ដោយ​មន្ទីរ អភិវឌ្ឍន៍ និង​ជនបទ​ខេត្ត នៅ​សាលប្រជុំ​សាលាស្រុក​ព្រៃឈរ នា​ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ ។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម ពី​លោក លោកស្រី តំណាង​ឲ្យ​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ លោក​អភិបាលរង​ស្រុក​ព្រៃឈរ និង​អ្នកពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន សរុប​ប្រមាណ ៨០​នាក់ ផងដែរ ។​

ឯកឧត្តម ហាន កុសល អភិបាលរង​ខេត្ត គូសបញ្ជាក់ថា វិស័យ​អនាម័យ និង​ទឹកស្អាត គឺជា​តួនាទី​និង​ភារកិច្ច​ទទួលខុសត្រូវ របស់​យើងទាំងអស់គ្នា ។ យ៉ាងណាមិញ មកដល់ពេលនេះ ការងារ​ទឹកស្អាត នៅក្នុង​ខេត្តកំពង់ចាម គឺ​បាន​អនុវត្ត​ស្ទើ​តែមួយ​រយ​ភាគ គ្រប់​ទីកន្លែង​អស់ហើយ ពោលគឺ នៅឡើយ​តែ​ការ​ស្រង់​ទិន្នន័យ សម្រាប់​បញ្ចូល​ទៅក្នុង​របាយការណ៍ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ។ ឯកឧត្ដម បាន​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់ថា នៅ​គ្រប់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ទឹកស្អាត និង​បង្គន់​ប្រើប្រាស់ ១០០​ភាគរយ នៅត្រឹម​ឆ្នាំ​២០២៥ ខណៈដែល នា​ឆ្នាំ​២០២៣ ប្រជាពលរដ្ឋ​កម្ពុជា មាន​បង្គន់​ប្រើប្រាស់ ៩០% នោះ ។ ដូច្នេះ ស្នើ​ទៅដល់​រដ្ឋបាល​ស្រុក និង​រដ្ឋបាល​ឃុំ​ទាំងអស់ ត្រូវ​ចូលរួម​សហការគ្នា ធ្វើយ៉ាងណា​ប្រមូល​ទិន្នន័យ​ទាំងអស់នោះ ឲ្យ​អស់​លទ្ធភាព ដើម្បី ឲ្យ​ដឹងថា នៅមាន​ខ្នង​ផ្ទះ ក្នុងភូមិ ណាមួយ មាន​បង្គន់​ប្រើប្រាស់​? និង​នៅ​សេសសល់​ប៉ុន្មាន​ភាគរយ មិនទាន់មាន​? ហើយ​អ្នក​មិនទាន់មាន តើ​មូល​ហេតុអ្វី​? ។ ប្រការ​ទាំងអស់​នេះហើយ ដែល​ទាមទារ​ឲ្យ​យើង ត្រូវ​រួមគ្នា​ដោះស្រាយ ជម្រុញ ណែនាំ និង​លើកទឹកចិត្ត ដល់​ពួកគាត់​ដែល​មិនទាន់មាន ឲ្យ​សាងសង់​បង្គន់​ប្រើប្រាស់ នៅក្នុង​ខ្នង​ផ្ទះ​របស់ខ្លួន ដើម្បី ឈានទៅ​សម្រេច​តាម​ការកំណត់ របស់​រាជរដ្ឋាភិបាល ។ ដោយឡែក ក្រៅពី​កិច្ចការ​នេះ ឯកឧត្ដម អភិបាលរង​ខេត្ត ក៏បាន​ស្នើ​ទៅដល់​រដ្ឋបាល​ឃុំ​នីមួយៗ កែច្នៃ និង​រៀបចំ​ឲ្យ​មាន​ជា​សួន​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​ទៅ​កំសាន្ត ជាពិសេស មនុស្ស​វ័យចាស់ នៅក្នុង​សហគមន៍​កំសាន្ត ផងដែរ ។​​បើតាម លោក អ៊ឹង វិសុទ្ធ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ ខេត្តកំពង់ចាម បាន​គូសបញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ នៅក្នុង​ទូទាំង​ខេត្តកំពង់ចាម ការអនុវត្ត​វិស័យ​ទឹកស្អាត សម្រេចបាន​ប្រមា​ជា ៩៦% និង​អនាម័យ​ជនបទ បាន​ចំនួន ៨២,៤៤% ក្នុងនោះ នៅក្នុង​ស្រុក​ព្រៃឈរ អនុវត្តបាន​ចំនួន ៨៨% ហើយ ។

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី ប្រមូល​ទិន្នន័យ​ចំនួន​ក្នុងផ្ទះ ដែល​មិនទាន់បាន​សាងសង់​បង្គន់​ប្រើប្រាស់ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប ដើម្បី ជំរុញ​បន្ថែម​ឲ្យ​ខ្នង​ផ្ទះ ដែល​មិនទាន់បាន​សាងសង់​បង្គន់ រួមគ្នា​គិត និង​រួមគ្នា​ធ្វើ ដើម្បី ឈានទៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល នា​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​នៅ​កម្ពុជា មាន​បង្គន់​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ។ ជាមួយ​នោះ ពី​ធី​ខាងលើនេះ ក៏បាន​ធ្វើការ​ប្រកាស​ភូមិ ODF ចំនួន ២​ភូមិ គឺ ៖ ភូមិ​មេ​ម៉ាំង និង​ភូមិ​សង្កែ នៃ​ស្រុក​ព្រៃឈរ ផងដែរ ៕ សា​រ៉ា​ត​​