ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១​នេះ ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម បាន​នាំយក​ទេយ្យទាន និង​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជ័យ​គី​រី

នួន សត្យា

(​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃទី ២២ ខែកញ្ញា​ឆ្នាំ ២០២១ ដែលជា​ថ្ងៃ​កាន់បិណ្ឌ​វេន​ទី​១ ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​នាំយក​ទរ​យ្យ​ទាន និង​ថវិកា ទៅ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ជ័យ​គី​រី ហៅ​វត្តភ្នំ​ហាន់ជ័យ ស្ថិត​ក្នុងស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​ក្នុងឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា រួមជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ផ្សេងទៀត បាននាំគ្នា​ប្រារព្ធ​ពិធី​ទៅតាម​បែបផែន នៃ​ព្រះពុទ្ធសាសនា ដោយបាន​វេ នូវ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ចំនួន ៣​លាន ២​សែន​រៀល​ប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មហាកុសល ជូន​ដល់​វិញ្ញាណក្ខន្ធ នៃ​អ្នកមានគុណ​ទាំងឡាយ មាន មាតាបិតា ជីដូន​ជីតា គ្រូឧបជ្ឈាយ​ជា បុព្វបុរស​ជាតិ និង​បងប្អូន​ជនរួមជាតិ​ដែល​បាន​លា​លោក​នេះ​ទៅកាន់​លោក​ខាងមុខ ។​

​ម្យ៉ាងទៀត ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ផងដែរ ក៏​ជា​ឱកាស​ដ៏​ល្អ សម្រាប់​ការជួបជុំ​ឪពុកម្តាយ បងប្អូន​ញាតិមិត្ត សាច់​សារ​លោហិត ដែល​រស់នៅ​ទី​ផ្សេងៗ​គ្នា អាច​ស្វែងយល់បាន​ពី​សុខទុក្ខ និង​ដំណើរ​ប្រព្រឹត្ត​ទៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ រវាង​គ្នា​នឹង​គ្នា​ទៅវិញទៅមក ព្រមទាំង​អាច​បង្កើនបាន​នូវ​សាមគ្គីភាព​ដ៏​ទូលំទូលាយ​៕​