លោកជំទាវ អន​ហេង លក្ខិណា ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល ​និង​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច របស់ គ​.​ក​.​ន​.​ក នៅ​ឃុំ​កោះសូទិន​

​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ លោកជំទាវ អន​ហេង លក្ខិណា ប្រធាន​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ ខេត្តកំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ពង្រឹង​ការអនុវត្ត​តួនាទី​ភារកិច្ច របស់ គ​.​ក​.​ន​.​ក នៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ។​បើតាម លោកជំទាវ អន​ហេង លក្ខិណា ឲ្យ​ដឹងថា ក្នុង​បេសកកម្ម​នោះ ក្រុមការងារ​បាន​ពិភាក្សា​ការងារ​មួយចំនួន ជាមួយ គ​.​ក​.​ស​.​ក ស្រុក ក្រុមប្រឹក្សាឃុំ ដើម្បី ស្វែងយល់​អំពី​បញ្ហា​ប្រឈម​នានា និង​រក​ដំណោះស្រាយ ទៅតាម​តម្រូវការ ជូន​ប្រជាពលរដ្ឋនៅក្នុង​ឃុំ ព្រមទាំង បាន​ណែនាំ​បន្ថែម​អំពី​វិធានការ​ចាំបាច់​មួយចំនួន ដែលជា​បទពិសោធន៍ ដើម្បី យកទៅ​ផ្សព្វផ្សាយ​ដល់​ភូមិ ឃុំ នៃ​មូលដ្ឋាន​នីមួយៗ​ខ្លួន ផងដែរ ។ ជាមួយគ្នា​នោះដែរ លោកជំទាវ បានផ្ដល់​នូវ​ការលើកទឹកចិត្ត និង​ជម្រុញ​ការងារ​ចូលរួម​ទប់ស្កាត់ សហការ ជាមួយ​អាជ្ញាធរ ពី​សំណាក់​ក្រុមការងារ​យុវជន ស​.​ស​.​យ​.​ក ភូមិ ឃុំ ប្រជាពលរដ្ឋ និង​គ្រប់​អ្នកពាក់ព័ន្ធ ឲ្យ​បាន​ស៊ីជម្រៅ​ជាង​មុន​បន្ថែមទៀត ។


​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ និង​ក្រុមការងារ ក៏បាន​នាំយក​សម្ភារៈ និង​ថវិកា​មួយចំនួន របស់ គ​.​ក​.​ស​.​ក ខេត្តកំពង់ចាម ផ្ដល់ជូន​ដល់​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង និង​ជន​មាន​ពិការភាព ចំនួន ០៥​គ្រួសារ ដោយ​ក្នុង ១​គ្រួសារៗ ទទួលបាន ៖ អង្ករ ២០​គីឡូក្រាម មី​ជាតិ ១​កេស ត្រីខ ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ ទឹកត្រី ១​យួរ និង​ថវិកា​ចំនួន ១០០.០០០​រៀល ។ ដោយឡែក ស្ត្រី​មេម៉ាយ​ចំនួន ០២​គ្រួសារ ទៀត ដែល​កំពុង​តស៊ូ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត លោកជំទាវ ក៏បាន​លើកទឹកចិត្ត ផ្តល់ជូន​ជា​សម្ភារៈ និង​ដើមទុន​បន្ថែម ដើម្បី ពង្រឹង​លើ​មុខរបរ​របស់​ពួកគាត់ ក្នុងនោះ​រួមមាន ៖ ១.​ឈ្មោះ ស៊ីន លាង​ហយ នៅ​ភូមិ​ទី​៤ ឃុំ​កោះសូទិន មាន​ធុង​ទឹក​កកធំ ១​គ្រឿង សម្ភារៈ​ក្លាសេ​ភេសជ្ជៈ បន្ថែម​លើ​មុខរបរ​ប្រចាំថ្ងៃ ។ និង​២.​ឈ្មោះ ឈន់ សុខ​គីម នៅ​ភូមិ​ទី​៤ ដូចគ្នា មាន​ចង្អើរ​ដែក​ធំ ១ សម្រាប់​អាំងត្រី​លក់ ប្រេងឆា ៥​លីត្រ និង​ថវិកា ១០០.០០០​រៀល ។ ក្រៅពីនោះ លោកជំទាវ ក៏បាន​ឧបត្ថម្ភ លោកយាយ រិ​ន ម៉ៃ រស់នៅ​ភូមិ​ទី​៣ ជា​ចាស់ជរា​គ្មាន​ទីពឹង​អាយុ ៨៧​ឆ្នាំ​នូវ​ថវិកា ៤០.០០០​រៀល ផងដែរ ៕