ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​បី​ខ្សែ​ប្រវែង​ជិត​២០ គីឡូម៉ែត្រ ក្នុងស្រុក​ព្រៃឈរ​-​ស្រុក​ចំការលើ និង​ក្លាយទៅជា​ផ្លូវ​ក្រាល​កៅស៊ូ​

ដោយ៖ ជួន រតនាវង្ស

​នៅ​ព្រឹក ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ និង​សិក្សា​ផ្លូវ​គមនាគមន៍​ជនបទ​ចំនួន​៣ ខ្សែ មាន​ប្រវែង​ជិត​២០ គីឡូម៉ែត្រ ស្ថិតនៅ​ក្នុងស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ​។​

​ផ្លូវ​ខ្សែ​ទី​១ មាន​ប្រវែង​១៣,៥០០ ម៉ែត្រ ចាប់ពី​ផ្សា​រគរ ស្ថិតនៅក្នុង​ភូមិគរ ឃុំ​គរ ភូមិ​អណ្ដូង​ស្ដៅ ភូមិ​ត្រាំ​ង ភូមិ​លិច​វត្ត ភូមិ​អណ្ដូង​តា​ពេជ្រ ភូមិ​ថ្ម​ពូន​កណ្ដាល ភូមិ​ទួល​ថ្ម ភូមិ​អូរ​តាថុក ស្ថិតនៅក្នុង​ឃុំ​ថ្ម​ពូន ភូមិ​ថ្មី​ស្ថិតនៅក្នុង​ឃុំ​ក្រូច ស្រុក​ព្រៃឈរ ។ ហើយ​ផ្លូវ​មួយ​ខ្សែ​នេះ​កំពុងស្ថិត​នៅក្នុង​ការពិនិត្យ និង​សិក្សា​នៅឡើយ​។​

​បន្ទាប់មក​ឯកឧត្តម និង​ក្រុមការងារ​បាន​បន្តដំណើ​រ​អញ្ជើញ​ចុះ​ពិនិត្យ​ផ្លូវ​ក្រាល​កៅស៊ូ DBST មួយ​ខ្សែ​ប្រវែង​៣,៦០០ ម៉ែត្រ ទទឹង​៧ ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ក្រូច និង​ភូមិ​ថ្មដា ឃុំ​បឹង​ណាយ ដែល​កំពុង​សាងសង់​បាន​ប្រហែល​៨៥% ហើយ ដោយ​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​កសាង​រួចរាល់​១០០% នៅក្នុង​កំឡុង​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២០​។​
​ខណៈពេល​នៃ​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​សិក្សា​ផ្លូវ​ខាងលើ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ឱ្យ​អ្នកទទួល​ការសាងសង់ មានការ​យកចិត្តទុកដាក់​ខ្ពស់ សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការសាងសង់​ត្រឹមត្រូវ​ទៅតាម​លក្ខណៈ​បច្ចេកទេស និង​ដើម្បី​ឲ្យ​ផ្លូវ​ខាងលើ​ធានាបាន​នូវ​ការប្រើប្រាស់​គង់វង្ស​យូរអង្វែង​។​

​ក្រោយ​បញ្ចប់​ការពិនិត្យ សិក្សា​ផ្លូវ​២​ខ្សែ​ខាងលើ ឯកឧត្តម​អភិបាលខេត្ត និង​ក្រុមការងារ​ក៏បាន​បន្តដំណើរ​អញ្ជើញ​ពិនិត្យ និង​សិក្សា​ផ្លូវ​មួយ​ខ្សែ​ទៀត​ដែលមាន​ប្រវែង​ជាង​៦ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ក្រូច ស្រុក​ព្រៃឈរ ដល់​ឃុំ​បុសខ្នុរ​ស្រុក​ចំការលើ ដោយ​ឆ្លងកាត់​ភូមិ​ចំនួន​៤ គឺមាន​ភូមិ​ប្រសើរ ភូមិ​ក្រ​វ៉ាន់ ភូមិ​សា​រ៉ា​យ​និង​ភូមិ​បុសខ្នុរ ស្ថិតនៅក្នុង​ឃុំ​បុសខ្នុរ​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​។​