ការរៀបចំ​សណ្ដាប់ធ្នាប់​ប្រជុំជន​ផ្សារ​ផ្អាវ អាជ្ញាធរ​ឲ្យ​ប្រាប់​អាជីវករ​ទាំងអស់​រុះរើ​ចូល​ត្រឹម​គំនូស​ក្រហម

អត្ថបទ៖ នួន សត្យា

នៅ​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ក្នុងការ​បំពេញបេសកកម្ម​របស់​អាជ្ញាធរ​ខេត្តកំពង់ចាម ដឹកនាំ​ដោយ​អភិបាលរង​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ និង​លោក សំ ពិសិដ្ឋ នាយករង​រដ្ឋបាលខេត្ត និង​លោក ផេ​ន សុផល អភិបាលស្រុក​បាធាយ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ទីប្រជុំជន​ផ្សារ​ផ្អាវ ក្នុងស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ក្នុងដំណាក់កាល​នេះ​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុមអាជីវករ រើ​អីវ៉ាន់​ដាក់លក់​ត្រឹម​គំនូស​ក្រហម ដែល​អាជ្ញាធរ​បានកំណត់​ថ្មីៗ​កន្លងទៅនេះ ។

​នៅក្នុង​ប្រតិបត្តិការ​ថ្ងៃ​ដដែល​នេះ​ផងដែរ ពេលព្រឹក​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ប្រើ​គ្រឿង​បំពង​សំលេង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រៀបចំ​សណ្ដាប់ធ្នាប់​ដោយ​រួស​រើ នឹងៗ​ប្រមូល​សំភារៈ​លក់ដូរ ចូល​ត្រឹម​គំនូស​ក្រហម​ដែល​អាជ្ញាធរ​បានកំណត់ ។

​លុះដល់​ពេល​រសៀល​ថ្ងៃ​ដដែល ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ចុះ​ពិនិត្យ​ម្ដងទៀត ហើយ​ប្រសិនបើ​មាន​អាជីវក​រណា​មិន​អនុវត្តតាម សមត្ថកិច្ច​នឹងធ្វើ​ការ​រៀបចំ​ដោយផ្ទាល់​តែម្ដង ។​

​គួររំលឹកថា អភិបាលស្រុក​បាធាយ លោក​ផេ​ន សុផល ធ្លាប់បាន​ឲ្យ​ដឹងថា នៅក្នុង​ផ្សារ​ផ្អាវ មាន​ជាង ២០០ តូប ដោយឡែក​នៅ​ផ្នែក​ខាងក្រៅ​ផ្សារ ជាប់​នឹង​ដងផ្លូវ​លេខ​៦ នឹង​ផ្លូវ​សម្ដេច​តេ​ជោ មាន​ជាង ៥០ គ្រែល​ក់មុខ​ផ្សារ និង​ក្រោយ ១០​ផ្ទះ និង កន្លែង​លក់​ត្រី មាន ១៥០ កន្លែង ។ ហើយ​កន្លែង​លក់ ដែល​បង្ករ​ភាពអណាធិបតេយ្យ គឺមាន​ជាង ១០០ កន្លែង អម​សងខាង​ផ្លូវ សម្តេច​តេ​ជោ ខាងកើត និង​ខាងលិច ។ ចំណែក​ជាប់​ផ្លូវ​លេខ​៦ មាន​ជាង ៨០ កន្លែង ដែល​ក្នុងនោះ​មានការ​ធ្វើ​សំ​យ៉ាប​ខិត​មក​ថ្នល់ ដែល​បង្ករ​ឲ្យ​មាន​ការបាត់​សោភ័ណភាព នៅ​ទីប្រជុំជន​ផ្សារ​នេះ​ផងដែរ ។

​ហើយ​ករណីនេះ បន្ទាប់ពី​មានការ​ឯកភាព​នៅក្នុង​អង្គប្រជុំ អភិបាលខេត្ត​កំពង់ចាម​លោក អ៊ុន ចាន់​ដា បាន​ចាត់​ឲ្យ​អភិបាលរង​ខេត្ត​ឯកឧត្តម អ៊ុ​ភឿន គុណ​វុ​ឌ្ឍ ដឹកនាំ​ក្រុមការងារ​ចុះ​ប្រតិបត្តិការ​ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ទីប្រជុំជន​ផ្សារ​ផ្អាវ​នេះ​ឡើងវិញ​។

​ទន្ទឹមនឹងនេះ ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ជាច្រើន មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត ក្នុង​ប្រតិបត្តិ​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ទីប្រជុំជន​ផ្សារ​ផ្អាវ​នេះ​ផងដែរ ។ ដោយ​ពួកគាត់​អះអាងថា នឹង​អស់​កង្វល់​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការកកស្ទះ​ចរាចរណ៍ នៅក្នុង​តំបន់​ទីប្រជុំជន​ផ្សារ​ផ្អាវ និង​បង្កលក្ខណៈ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ នឹង​ចរាចរ​របស់​រថយន្ត​សង្គ្រោះបន្ទាន់ ក៏ដូចជា​រថយន្ត​ពន្លត់អគ្គីភ័យ​ជាដើម ។​