អភិបាលខេត្ត​កំពង់ចាម ណែនាំ​មន្ត្រី​ត្រូវ​កំណត់​ដី​ចំណីផ្លូវ​ឲ្យ​បានច្បាស់លាស់ ស្របតាម​ច្បាប់

លឹម ប៉ៃលិន

​កំពង់ចាម : ក្នុង​កម្មវិធី​ប្រជុំ​បូកសរុប លទ្ធផល​ការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត កំពង់ចាម នា​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២២ នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ ដល់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត ត្រូវ​សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូ​រិ​យោ​ដី មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​កំណត់​ដី​ចំណីផ្លូវ ឲ្យ​បានច្បាស់លាស់ តាមផ្លូវ​ជាតិ ផ្លូវ​ខេត្ត ផ្លូវលំ ក្នុង​ខេត្តកំពង់ចាម ស្របតាម​ច្បាប់​ផ្លូវថ្នល់​នៃ ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម​អភិបាលខេត្ត បាន ណែនាំ ដល់ មន្ទីរជំនាញ ឲ្យ សហការ​ជាមួយ​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ណែនាំ​ទប់ស្កាត់​ប្រជាពលរដ្ឋ ក្នុងការ សាងសង់​សំណង់​លើដី​ចំណីផ្លូវ ដើម្បី​ជៀសវាង​នៅពេល​មានការ​សាងសង់ និង​ពង្រីក​ផ្លូវ​មានការ ពិបាក និង​ប៉ះពាល់​ដល់​សំណង់​ទាំងនោះ ព្រមទាំង​រៀបចំ​សណ្តាប់ធ្នាប់ និង​ការប្រើប្រាស់ ចិញ្ចើមថ្នល់ និង​ផ្លូវថ្នល់​សាធារណៈ​បម្រើ​ឲ្យ​ការលក់ដូរ និង​ដាក់តាំង​ទំនិញ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បង្ក​គ្រោះថ្នាក់​យថាហេតុ ដល់​អ្នកដំណើរ​អ្នក​ថ្មើរជើង និង​អ្នកធ្វើ​ចរាចរណ៍​ឆ្លងកាត់ ។

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន ជំរុញ ដល់ មន្ទីរ សាធារណការ និង ដឹកជញ្ជូន ត្រូវ​បន្ត​ពង្រឹង​ការងារ​ស្ថាបនា ស្តារ ជួសជុល ពង្រីក និង​ថែទាំ​ជាប្រចាំ ផ្លូវ ស្ពាន លូ ប្រកបដោយ​គុណភាព សំណង់ សោ​ភណ្ឌ​ភាព​សំណង់ និង​សុវត្ថិភាព​សំណង់ ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ជាយថាហេតុ បង្កដោយ​កត្តា​អ្នកប្រើប្រាស់​ផ្លូវ និង​កត្តា​ផ្លូវថ្នល់​។ ហេ​ី​យ​ត្រូវ​បន្តការងារ​ជួសជុល ឬ​អ៊ុត​ឡើងវិញ ឬ​ដាក់​ថ្មី នូវ​បរិក្ខា​ចរាចរណ៍​ដូចជា គំនូស​សញ្ញា​ចរាចរណ៍ ផ្លាកសញ្ញា​ចរាចរណ៍ បង្គោល​សុវត្ថិភាព និង​បង្គោលគីឡូម៉ែត្រ កែប្រែ​ផ្លូវ​ក្រាលកម្រាល​ដី​គ្រប់​ប្រភេទ ឲ្យ​ទៅជា​ផ្លូវ ក្រាលកម្រាល​កៅស៊ូ​គ្រប់​ប្រភេទ ឬ​ផ្លូវ​ក្រាល កម្រាល​បេតុង​សរសៃដែក ពង្រីក​ទទឹងផ្លូវ និង​ស្ពាន ទៅតាម​ស្តង់ដារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើ​បណ្តាញ​ផ្លូវ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។​

​ជាមួយគ្នា​នោះ ឯកឧត្ដម​អភិបាលខេត្ត ក៏បាន គាំទ្រ ការ ស្នើសុំ សហការ ចាត់វិធានការ​ចំពោះ​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ (​ដឹក​ដី ខ្សាច់ អុស ថ្ម ក្រួស​) គ្មាន​សណ្តាប់ធ្នាប់ ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ និង​ត្រូវ​ទប់ស្កាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បើក​វាង​ទៅ​ផ្លូវជាតិ​លេខ​៦០ ផ្លូវជាតិ លេខ​៧០ និង​ផ្លូវ​ខេត្ត​លេខ​២៧០ ។ ចំពោះ​ខ្សែ​ផ្លូវជាតិ​/​ខេត្ត​បច្ចុប្បន្ន មាន​តម្រូវការ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ចេញពី​ទ្រូងផ្លូវ ជា​ចាំបាច់ ដូច្នេះ​សូម​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​ដែនដី ជួយ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​ចូលរួម​សហការ​ណ៍ ការពារ និង​សូម​អាជ្ញាធរ​ដែនដី​ផ្ទាល់​អន្តរាគមន៍ និង​ការពារ​បរិក្ខា​ចរាចរណ៍ ផងដែរ ៕​