ឯកឧត្តម សេង ទៀង នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនកូនភ្លោះបី នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

សុខ សីលា

ឯកឧត្តម សេង ទៀង នាយករងខុទ្ធការល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញនាំយកអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋសម្រាលទារិកាភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់លំនៅឋានរបស់គ្រួសារកូនភ្លោះបី រស់នៅក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

អំណោយដ៏សប្បុរសទាំងនោះរួមមាន ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករ.ស ៥គីឡូក្រាម សារុង២ និងក្រមា២។ ទារិកាភ្លោះទាំងបីនាក់នេះ ជាកូន របស់ឪពុកឈ្មោះ លោក ស៊ិន ម៉ុនថា មន្ត្រីសាលាខេត្តកំពង់ចាម ម្តាយឈ្មោះ រិត ណាវី។ 

នៅចំពោះមុខគ្រួសារកូនភ្លោះទាំងបីនោះ ឯកឧត្តម សេង ទៀង បានពាំនាំ នូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច ទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់ កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។